ក្រុមហ៊ុនមួយនៅចិន គ្រោងចាប់ផ្តើមផលិតឡានហោះ នៅឆ្នាំ២០១៨ ខាងមុខនេះ
ចិន៖ ក្រុមហ៊ុនមួយនៅចិន ត្រូវបានគេស្គាល់ថា EHang Inc បានប្រកាស ផលិតឡានហោះទំនើបនៅឆ្នាំ ២០១៨ ខាងមុខនេះ ក្រោយការធ្វើតេស្តសាកល្បង ប្រភេទ E-181 (មាន១ កៅអី) បានសម្រេចរួចរាល់ជាស្ថាពរ។
![](https://s5.kh1.co/de/debbccd469a8edc7cff2b2b2945c3e3750ace8e2.jpg)
ឡានហោះទំនើប ឬប្រភេទដ្រូនដឹកអ្នកដំណើរនេះ ត្រូវបានគេដាក់ឈ្មោះឲ្យថា “Taxi Drone” មាន ២ កៅអី សម្រាប់អ្នកដំណើរ មានស្លាបចក្រអគ្គិសនីចំនួនបួនដើរដោយថាមពលថ្ម និងអាចហោះហើរបានក្នុងរយៈចម្ងាយអតិប្បរិមា ១០០ គីឡូម៉ែត្រក្នុង ១ ម៉ោង។
![](https://s4.kh1.co/cd/cd35b1ac49484295d6dc8df7ab204d8f811c1c29.jpg)
វានឹងត្រូវគេដាក់ឲ្យប្រើប្រាស់លើកដំបូងនៅឆ្នាំ ២០១៨ ខាងមុខនេះ ក្នុងទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម និងរង់ចាំការឯកភាពពីសំណាក់ រដ្ឋបាលទីក្រុង ជាមុនសិន។
![](https://s6.kh1.co/b5/b5620ffa587da25563d8ce9474fea3b0e5306481.jpg)
គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Ehang Inc មានគម្រោងពង្រីកអាជីវកម្ម ផលិតឡានហោះរបស់ខ្លួន នៅបណ្តាប្រទេសមួយចំនួន មានដូចជា ប្រទេសអារ៉ាប៊ី សាអូឌីត សិង្ហបុរី ក៏ដូចជាទីក្រុងមួយចំនួន នៅអឺរ៉ុបផងដែរ។
នាយកប្រតិបត្តិនៃក្រុមហ៊ុន លោក Hu Huazhi បានឲ្យដឹងយ៉ាងដូច្នេះថា៖
ពួកយើងនឹងចាប់ផ្តើមផលិត ដ្រូនដឹកអ្នកដំណើរឲ្យបានច្រើន នៅដើមឆ្នាំក្រោយ។ យើងថែមទាំងគ្រោង តម្លើងបណ្តាញផលិតកម្មដោយស្វ័យប្រវត្តិ (ប្រើគ្រឿនម៉ាស៊ីន ជំនួសកម្លាំងមនុស្ស) ដើម្បីពង្រីកសមត្ថភាពផលិតកម្ម នាឆ្នាំ ២០១៨ ខាងមុខនេះឯង។
ទោះយ៉ាងណា ប្រភេទឡានហោះ ឬ Taxi Drone ដែលមានកៅអី ២ សម្រាប់អ្នកដំណើរប៉ុន្មានគ្រឿងនេះ កំពុងស្ថិតក្រោមការធ្វើតេស្តសាកល្បងនៅឡើយ ដែលប្រព្រឹត្តទៅ នៅបរិវេណសួនកម្សាន្តមួយកន្លែងដែលនៅទំនេរ មានទីតាំងស្ថិតនៅភាគខាងត្បូង ប្រទេសចិន។
កន្លងមកសារព័ត៌មានដេលីស្តារ ធ្លាប់បានចុះផ្សាយក្រុមហ៊ុនមួយនៅអង់គ្លេស ដែលមានទីតាំងមូលដ្ឋានស្ថិតនៅ ទីក្រុង Nottingham មានគម្រោងផលិតឡានហោះស្រដៀងគ្នានេះដែរ ដែលអាចបើកបរក្នុងរយៈចម្ងាយអតិប្បរិមា ៣៣៨ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចនឹងមានវត្តមាននៅរយៈពេល ៣ ឆ្នាំខាងមុខ និងមានតម្លៃប្រមាណ ១.៥ លានផោន ឬ ២ លានដុល្លារអាមេរិកក្នុងមួយគ្រឿង៕
![](https://s4.kh1.co/07/07c082e1c288a4f9fdc5e5718fca2141d551bddf.jpg)
No comments