ប្រើក្រូចឆ្មារសម្បកលឿងតែមួយផ្លែ ក៏អាចថែរក្សាផ្ទៃមុខឱ្យបានស្អាតដែរតើ!
ចង់បានផ្ទៃមុខស រលោង ស្រស់ថ្លា បន្ថែមភាពជឿជាក់ លើរូបសម្រស់មិនមែនជារឿងងាយស្រួលឡើយ។ បច្ចុប្បន្នមានគ្រឿងសម្អាងជាច្រើន បានហូរចូលមកក្នុងប្រទេសរបស់យើង ទាំងផលិតផលមួយចំនួន គ្មានប្រភពច្បាស់លាស់គួរឲ្យទុកចិត្តបាន។ ព្រោះថាផលិតផលខ្លះ អាចមានផ្ទុកនូវសារធាតុគីមី ដែលយើងមើលមិនឃើញ បណ្តាលឲ្យប៉ះពាល់ដល់ផ្នែកសម្ផស្សនៅពេលប្រើ។
![](https://s6.kh1.co/23/23f9cfae04156318e14b00e6260fc1dc103ebef5.jpg)
ដូច្នេះហើយបានជាពេលបច្ចុប្បន្ននេះ មានមនុស្សមិនតិចទេ បានងាកមកប្រើរូបមន្តតាមបែបធម្មជាតិវិញម្តង ដែលអាចធ្វើឱ្យមុខស្អាតហើយ ចំណាយលុយតិចទៀត។
កន្លងមកមានរូបមន្តជាច្រើន ដែលអ្នកបានជ្រាបខ្លះៗរួចមកហើយ ក្នុងការប្រើប្រាស់ជាម៉ាស់ និងជារូបមន្តគ្រឿងផ្សំស៊ាំញ៉ាំជាច្រើន យ៉ាងហោចណាស់ក៏ ២ ទៅ៣មុខឡើងដែរ។ តែពេលនេះមិនបាច់ទៅណាឆ្ងាយទៀតទេ មានតែក្រូចឆ្មារសម្បកលឿងមួយផ្លែ ក៏អាចធ្វើឱ្យផ្ទៃមុខបានស្អាតដែរ ដោយក្រូចឆ្មារសម្បកលឿងអាចរកទិញបានដោយងាយនៅផ្សារទំនើប។
នៅចាំអីទៀត! មកតាមដានវិធីធ្វើខាងក្រោមទាំងអស់គ្នា៖
![](https://s4.kh1.co/cd/cd12655c0a9cf3aa736d29101b7418bbcf93d107.jpg)
![](https://s5.kh1.co/a1/a1489ab5df3bc7f7142cdad379b0675347867d8f.jpg)
# ដុសផ្ទៃមុខរបស់អ្នក ដោយប្រើក្រូចឆ្មារសម្បកលឿង
គ្រាន់តែយកក្រូចឆ្មារសម្បកលឿង (ក្រូចឆ្មារសម្បកលឿងអាចរកទិញបាននៅផ្សារទំនើប) ចិតជាបន្ទះស្តើងល្មម ហើយយកមកត្រដុសថ្នមៗលើស្បែកមុខ ប្រមាណជា ៣ ទៅ ៤នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។
ផ្ទៃមុខរបស់អ្នកនឹងអស់ជាតិក្អែល ជាតិខ្លាញ់ ធូលីដី ហើយបន្សល់ទុកតែភាពស្រស់ស្អាត ស្រស់ថ្លា ក្មេងខ្ចីជាមិនខាន។
![](https://s5.kh1.co/1d/1d8c9cae1e319c0d65830cad67e54407a8f8af74.jpg)
# សម្អាតផ្ទៃមុខ ដោយប្រើទឹកក្រូចឆ្មារសម្បកលឿងស្រស់ៗ
ជាដំបូង គ្រាន់តែយកក្រូចឆ្មារសម្បកលឿងមកពុះ ឬចិតច្របាច់យកទឹកស្រស់ៗ ។ បន្ទាប់មក យកដុំសម្លីមកផ្តិតជ្រលក់ទឹកក្រូចឆ្មារសម្បកលឿង ឱ្យរាងជោគបន្តិច ហើយយកមកលាបឱ្យសព្វផ្ទៃមុខ ទុកចោលរហូតដល់ស្ងួត សឹមលាងចេញជាមួយនឹងទឹកធម្មតា។
អ្នកអាចអនុវត្តវិធីបែបនេះ ឱ្យបានទៀងទាត់ ២ ទៅ ៣ដងក្នុងមួយសប្តាហ៍ នោះស្បែកមុខរបស់អ្នកប្រាកដជា ស ស្រស់ថ្លា រលោង ទន់ដូចស្បែកកូនក្មេងជាមិនខាន។
![](https://s5.kh1.co/70/7011d410fd9d774e7f3d5ca69adb0ba3964ee540.jpg)
![](https://s6.kh1.co/b0/b0a4c96362a1e60ed7a5d33786687f8a4892d897.jpg)
# ម៉ាស់មុខដោយប្រើក្រូចឆ្មារសម្បកលឿង និងស៊ុត
វិធីបែបនេះទោះជាលើសគ្រឿងផ្សំតែមួយមុខ ក៏មិនមែនជាបញ្ហាដែរមែនទេ? ព្រោះផ្ទះណាក៏ភាគច្រើនមានស៊ុត ទុកនៅក្នុងទូទឹកកកដែរ ដូច្នេះនៅចាំអីទៀត ទាញយកមកអនុវត្តភ្លាមទៅ។
ជាដំបូង គោះស៊ុតមួយគ្រាប់ត្រងយកតែផ្នែកស ហើយលាយជាមួយនឹងទឹកក្រូចឆ្មារសម្បកលឿង ២ស្លាបព្រាបាយ។ បន្ទាប់មកកូរ ឬវាយវាឱ្យសព្វជាល្បាយមួយ រួចចែកទឹកល្បាយម៉ាស់នេះជា ៣ចំណែកស្មើគ្នា។
![](https://s4.kh1.co/35/356ab3fefc63de547ca36750f1ed5fc46db14640.jpg)
![](https://s4.kh1.co/f8/f8fcf96c2873b113c6d9b98189497fad29600e8c.jpg)
- ជំហានទី១៖ យកល្បាយចំណែកទី១ លាបឱ្យសព្វផ្ទៃមុខ ហើយទុកចោលរហូតដល់ស្ងួត
- ជំហានទី២៖ បន្ទាប់ពីមុខស្ងួត យកទឹកល្បាយម៉ាស់ពីស៊ុតនេះ មួយចំណែកទៀតមកលាបពីលើ (មិនបាច់លាងចេញទេ លាបត្រួតលើគ្នាតែម្តង)
- ជំហានទី៣៖ បន្ទាប់ពីម៉ាស់ស្រទាប់ទី២ស្ងួតហើយ យកចំណែកល្បាយទី៣ចុងក្រោយដែលនៅសល់មកលាប ពីលើផ្ទៃមុខបន្ថែម ទុកឱ្យស្ងួត សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ រួចជូតនឹងក្រណាត់ស្អាតជាការស្រេច។
![](https://s5.kh1.co/7f/7f7ffb91d82c2bcbd835cc9350a7fa0be2422c4a.jpg)
វិធីបែបនេះមិនត្រឹមតែធ្វើឱ្យផ្ទៃមុខរបស់អ្នក តឹងណែន ទន់ ភ្លឺរលោងស្រស់ស្អាតទេ តែថែមទាំងអាចកម្ចាត់បញ្ហាមុខមុន បានយ៉ាងមានប្រសិទ្ធភាពផងដែរ។
![](https://s6.kh1.co/b9/b988d7a0d1f246ec8dbd9683bb46935769dae61a.jpg)
ចំណាំ៖ ក្រូចឆ្មារសម្បកលឿងអាចរកទិញបាននៅផ្សារទំនើប ប៉ុន្តែប្រសិនជាអ្នកមិនអាចរកក្រូចឆ្មារសម្បកលឿងបានទេ អ្នកក៏អាចយកក្រូចឆ្មារយើងធម្មតាមកប្រើការក៏បាន គ្រាន់តែក្រូចឆ្មារសម្បកលឿងមានប្រសិទ្ធភាពខ្លាំងជាងបន្តិចប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត ប្រសិនជាមុខរបស់អ្នកមានប្រតិកម្ម ជាមួយក្រូចឆ្មារ អ្នកមិនគួរអនុវត្តវិធីទាំងអស់នោះទេ។ ដើម្បីឱ្យចង់ដឹងច្បាស់ អ្នកអាចសាកប្រើជាមួយ ស្បែក-ក និងស្បែកដៃរបស់អ្នកជាមុនសិនក៏បាន បើគ្មានបញ្ហានោះទេ សូមរីករាយជាមួយនឹងរូបមន្តមុខស្អាតខាងលើនេះទាំងអស់គ្នា៕
No comments