ខ្លាចសង្គ្រាមលោកលើកទីបីផ្ទុះឡើង បុរសម្នាក់ផលិតកុងតឺន័រសុវត្ថិភាពលក់ សូម្បីតែអាវុធនុយក្លេអ៊ែរក៏មិនខ្លាចដែរ!
កូរ៉េខាងត្បូង៖ ក្នុងរយៈពេលថ្មីៗនេះ ប្រទេសកូរ៉េខាងជើង បានបង្ហោះគ្រាប់មីស៊ីលរបស់ខ្លួន ដែលមានសមត្ថភាពខ្លាំងជាងមុន និងនឹកស្មានមិនដល់ បង្កការព្រួយបារម្ភជាខ្លាំងដល់សហគមន៍អន្តរជាតិ។

ដើម្បីឆ្លើយតបនឹងក្តីកង្វល់នេះ លោក Go Wan Hyeok ដែលជានាយកក្រុមហ៊ុន Chumdan Bunker System បានផលិតកុងតឺន័រមួយប្រភេទ អនុញ្ញាតិឲ្យពលរដ្ឋកូរ៉េអាចពួនស្នាក់នៅបានជាបណ្តោះអាសន្ន ករណីមានសង្គ្រាមអាវុធនុយក្លេអ៊ែរកើតឡើង។


គួរឲ្យដឹងថា កុងតឺន័រនីមួយៗ ត្រូវបានបំពាក់ជាមួយគ្រែចំនួន ៤ (អាចដាក់បាន ៨នាក់) មានប្រព័ន្ធចម្រោះខ្យល់សម្រាប់ដកដង្ហើម មានភ្ជាប់នូវបន្ទះថាមពលសូឡារ ព្រមទាំងម៉ាស៊ីនភ្លើងស្វ័យដំណើរការផងដែរ។ បន្ថែមលើនេះ ប្រព័ន្ធកំព្យូទ័រត្រូវបានគេបំពាក់ ជាជំនួយក្នុងការឆែកមើលសុវត្ថិភាព នៅបរិវេណខាងក្រៅកុងតឺន័រ។


ដើម្បីធានាឲ្យបាននូវសុវត្ថិភាពពេញលេញ ក្រុមហ៊ុន នឹងផ្តល់ជូន សម្លៀកបំពាក់សុវត្ថិភាពមានដូចជា សម្ពាយដែលធ្លាប់តែប្រើពីសំណាក់អ្នកអវកាស ម៉ាសសុវត្ថិភាពការពារឧស្ម័ន ក៏ដូចជាឈុត ស្លៀកសម្រាប់ការពារភ្លៀងអាស៊ីតផងដែរ។


លោក Go Wan Hyeok បានឲ្យដឹងថា ខ្លួនលោកបានផ្តួចផ្តើមក្រុមហ៊ុននេះឡើងតាំងពីខែ កញ្ញា មកម្ល៉េះ និងធ្លាប់បានស្រាវជ្រាវជុំវិញពិភពលោក ទម្រាំរកឃើញការច្នៃប្រឌិតនេះ។
លោកបានបន្តឲ្យដឹងយ៉ាងដូច្នេះថា៖
កុងតឺន័រសម្រាប់លាក់ខ្លួនប្រភេទនេះ គឺធន់នឹងអ្វីៗគ្រប់យ៉ាងទាំងអស់ (រួមមានវិទ្យុសកម្ម)។ វាថែមទាំងអាចប្រើសម្រាប់បុព្វហេតុយោធា ក៏ដូចជាប្រើប្រាស់ដោយពលរដ្ឋទូទៅផងដែរ។
គួរបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនខាងលើ ដាក់លក់កុងតឺន័រសុវត្ថិភាពប្រភេទនេះ លើទីផ្សារក្នុងតម្លៃ ២០ ០០០ ផោន ឬប្រមាណ ២៧ ០០០ ដុល្លារអាមេរិក ហើយថែមទាំងមានគម្រោងពង្រីកទីផ្សាររបស់ខ្លួននៅអឺរ៉ុបផងដែរ៕
No comments