នារីមានចរិតបែបនេះតាស់ ទើបមហាសេដ្ឋី ចង់បានធ្វើជាប្រពន្ធ!
លុយអាចទិញអ្វីៗគ្រប់យ៉ាងបាន ប៉ុន្តែលុយមិនអាចទិញសេចក្តីស្នេហាស្មោះមួយនឹងមួយបាននោះទេ។ យ៉ាងណាមិញ នៅលើពិភពលោកយើងនេះ កំពូលអ្នកមានបំផុត ដែលមានឈ្មោះនៅក្នុងបញ្ជី មហាសេដ្ឋីForbes មានចំនួន១,៦៤៥នាក់ ប៉ុន្តែមហាសេដ្ឋីប្រមាណជា៣ភាគរយ នៅក្នុងនោះមិនទាន់មានចំណងស្នេហ៍ ពោលគឺនៅលីវមិនទាន់មានគ្រួសារនៅឡើយនោះទេ។ ចុះហេតុអ្វីបានជាពួកគេមិនទាន់រៀបការ? ឬក៏ពួកគេមិនទាន់រកបានមនុស្សស្រីដែលត្រូវចិត្ត?
ទទួលស្គាល់ថា មហាសេដ្ឋីពិតជាមានទ្រព្យសម្បត្តិច្រើន រហូតទៅពាន់់លានដុល្លារដោយពួកគេចង់ទិញអ្វីក៏បាន ប៉ុន្តែរឿងមួយដែលពួកគេត្រូវការនិងជ្រើសរើសខ្លាំងបំផុតនោះ គឺការជ្រើសរើសមនុស្សស្រី ដែលសាកសមនិងស្មោះត្រង់ម្នាក់ យកមកធ្វើជាគូអនាគត ធ្វើជាមនុស្សជាទីស្រលាញ់ អាចមើលថែទាំ ទាំងបេះដូងនិងទ្រព្យសម្បត្តិពួកគេបានផងដែរ។
ចុះមនុស្សស្រីប្រភេទណា ដែលអាចឆក់យកបេះដូងមហាសេដ្ឋីបាន?

មានមនុស្សមួយចំនួនគិតថា មានតែនារីស្អាតៗមានរូបរាងស៊ិចស៊ីទាក់ទាញទេ ទើបអាចទាក់ចិត្តមហាសេដ្ឋីបាន ប៉ុន្តែវាមិនទាំងស្រុងនោះទេ សម្រស់ក៏ជាចំណែកតូចមួយនៅក្នុងនោះផងដែរ។
ដោយឡែក អ្វីដែលមហាសេដ្ឋីត្រូវការបំផុតនោះគឺ នារីដែលមានគុណសម្បត្តិទាំងនេះ៖
១. ជំនាញវិជ្ជាជីវៈ
នាងត្រូវមានចំណេះដឹងទូទៅ ទាក់ទងទៅនឹងការចូលរួមសង្គមផ្សេងៗ មានភាពឆ្លាតវៃ អាចដោះស្រាយបញ្ហា ពូកែបត់បែន ពេលទៅជួបដៃគូជំនួញជាមួយស្វាមី ឬពេលចេញទៅក្រៅផ្សេងៗ និងជឿជាក់លើខ្លួនឯងក្នុងការធ្វើកិច្ចការអ្វីមួយ មិនថាតែការងារផ្ទះ ឬក៏ការងាររកស៊ីជំនួញជាដើម។
ពីព្រោះថាមនុស្សប្រុស មើលឃើញមនុស្សស្រី មានភាពស្រស់ស្អាតនិងមានមន្តស្នេហ៍បំផុត គឺនៅពេលដែលនាងកំពុងដាក់ចិត្តធ្វើកិច្ចការងារអ្វីមួយ។
២. ជំនាញមេផ្ទះ
ទោះបីជាមហាសេដ្ឋីមានលុយច្រើន ចង់ជួលមេផ្ទះមកប៉ុន្មាននាក់ក៏បាន ប៉ុន្តែតាមពិតពួកគេក៏ចង់បានភរិយាដែលជាកល្យាណស្រ្តី ចេះវិជ្ជាមេផ្ទះ ដូចជាដាំស្ល រៀបចំទុកដាក់ផ្ទះ ដែលអាចនិយាយបានថា ជាភរិយាល្អនិងជាម្តាយល្អសម្រាប់កូនៗផងដែរ។
ជាការពិតណាស់ មិនថាតែបុរសរូបណានោះទេ គឺតែងតែជាប់ចិត្ត និងរំភើបក្នុងបេះដូង នៅពេលដែលមានភរិយា យកចិត្តទុកដាក់ចេះរៀបចំមើលថែស្វាមី ដែលជាពិសេសនោះ គឺអាហារដែលនាងចម្អិនផ្ទាល់ដៃតែម្តង។

៣. រូបសម្រស់
អាចនិយាយបានថា នៅពេលដែលជួបគ្នាដំបូង អ្វីដែលមនុស្សយើងចាប់អារម្មណ៍ឃើញមុនគេបំផុតនោះគឺសម្រស់ បន្ទាប់មកទើបចាប់ផ្តើមនិយាយនិងស្គាល់ពីគ្នាតាមក្រោយ។
យ៉ាងណាមិញ តាមរយៈការស្ទង់មតិកន្លងមក បានឲ្យដឹងថា មហាសេដ្ឋីភាគច្រើន តែងតែជ្រើសរើសមនុស្សស្រីដែលមានមុខមាត់ និងរូបរាងស្លីមស្អាត ដូចតារាបង្ហាញម៉ូត តែបើតាមសង្កេតកន្លងមក ប្រពន្ធមហាសេដ្ឋីភាគច្រើន គឺជាតារាតែម្តង។ បន្ថែមពីនេះបើគិតពីអាយុវិញ ពួកមហាសេដ្ឋីតែងជ្រើសរើស យកមនុស្សស្រីដែលមានអាយុតិចជាង ពួកគេចាប់ពី១០ទៅ១៥ឆ្នាំឡើងទៅ។
៤. សម្រស់ខាងក្នុង
បើគិតត្រឹមតែរូបសម្រស់ស្អាត រាងស្លីមPerfect ល្អឥតខ្ចោះ ជាមហាសេដ្ឋីលុយចាយមួយជាតិក៏មិនអស់ ចង់រកមនុស្សស្រីទាំងនោះមកប៉ុន្មាននាក់ក៏បានដែរ។
ប៉ុន្តែការជ្រើសរើសយកមកធ្វើជាភរិយា រួមរស់នៅជាមួយនឹងពេញមួយជីវិត ពួកគេមិនត្រឹមតែជ្រើសយក ស្រីស្អាតតែមួយមុខនោះទេ ប៉ុន្តែនាងក៏ត្រូវមានចរិយាសម្បត្តិល្អ សមជាកល្យាណស្រ្តី មានចំណេះដឹង មានការរៀនសូត្រ ស្គាល់ពីច្បាស់ទម្លាប់សង្គម និងមានភាពក្លាហានរឹងមាំផងដែរ។

៥. ចេះលេងសើចខ្លះៗ
មិនត្រូវការរៀបឬកច្រើនពេកនោះទេ ពេលខ្លះអ្នកដែលរស់នៅជាមួយ ក៏មានអារម្មណ៍ថាធុញទ្រាន់ ដូចជារស់នៅជាមួយអ៊ុំស្រីចាស់ពូកែរអ៊ូច្រើនដែរ។
ដូចនេះ យើងគួរណាមានការលេងសើចខ្លះ ឬគេហៅថាចេញចរិតកូនក្មេងដែលជាចរិតហ្ស៊ីនរបស់មនុស្សស្រី ទោះបីជាយើងធំពេញវ័យមានគ្រួសារយ៉ាងណាក៏ដោយ ប៉ុន្តែកាយវិការបែបនេះ ក៏ធ្វើឲ្យស្វាមីក្នាញ់ និងស្រលាញ់លើសដើមផងដែរ។
៦. មានភាពចាស់ទុំខាងអារម្មណ៍
ជាមហាសេដ្ឋី អ្នកជោគជ័យក្នុងមុខជំនួញ តែងតែត្រូវការភាពឯករាជ្យ និងផ្ទាល់ខ្លួនខ្លះផងដែរ។ ដូចនេះ មិត្តនារីៗគួរតែទុកពេលវេលា ឲ្យគេធ្វើកិច្ចការងារផ្ទាល់ខ្លួនមួយចំនួន ដូចជាការចេញទៅក្រៅញុំាអាហារជាមួយមិត្តភក្តិ ឬចេញទៅពិភាក្សាមុខជំនួញផ្សេងៗ ជាដើម។
គួរជៀសវាង កុំពូកែខាងប្រច័ណ្ឌនាំឲ្យគ្មានសេចក្តីសុខក្នុងគ្រួសារ ត្រូវជឿទុកចិត្តលើគេ មានភាពអត់ធ្មត់ ត្រូវមានហេតុនិងផល និងកុំឆេវឆាវមិនទំនង ដែលនាំឲ្យស្នេហាឈានដល់ការប្រេះឆា ព្រោះតែការមិនយល់ចិត្តគ្នា។

៧. ដឹងពីអ្វីដែលគេចង់បាន
ក្នុងនាមជាមហាសេដ្ឋី មានទ្រព្យសម្បត្តិពាន់លានចាយមួយជាតិក៏មិនអស់ តើគេចង់បានអ្វីទៀត?
នេះហើយជាសំណួរចាក់ដោត ពួកគេមិនចាំបាច់ត្រូវការនារីដែលមានទ្រព្យដូចជាគេ មកធ្វើជាភរិយាក៏បាន គឺត្រឹមតែមាននារីម្នាក់ ដែលជាអ្នកយល់ និងស្គាល់ច្បាស់ពីរូបគេ ដឹងចិត្តគេគ្រប់ពេល ដឹងថាគេចង់បានអ្វី មិនត្រូវការអ្វី និងមានចិត្តស្មោះត្រង់ មិនឲ្យតម្លៃទៅលើតែទ្រព្យសម្បត្តិរបស់គេ។ ដោយចង់ឲ្យនាងមើលឃើញគេ ត្រឹមតែជាមនុស្សប្រុសធម្មតាម្នាក់ ដែលអាចផ្តល់សេចក្តីស្រលាញ់បានឲ្យនាង ដោយបេះដូង នេះហើយជាអ្វី ដែលមហាសេដ្ឋីចង់បាន ពីភរិយារបស់ពួកគេ។
៨. ជាមិត្ត ជាម្តាយ និងជាអ្នកស្តាប់ដ៏ល្អ
ជាមហាសេដ្ឋីពួកគេមានរឿងការងារដែលត្រូវស្រ្តេស និងឈឺក្បាលជាច្រើន ហើយអ្វីដែលគួរដឹង មហាសេដ្ឋីមិនសូវមានមិត្តភក្តិច្រើន ដែលអាចឲ្យគេនិយាយរឿងក្នុងចិត្ត ឬបង្ហាញពីភាពទន់ខ្សោយរបស់ខ្លួនទៅកាន់អ្នកដទៃឡើយ។
ដូចនេះ ពួកគេត្រូវការនារីម្នាក់ដែលអាចជាមនុស្សជាទីស្រលាញ់ ជាមិត្ត ជាម្តាយ និងជាអ្នកស្តាប់ដ៏ល្អ ដែលអាចផ្តល់ភាពកក់ក្តៅនិងសេចក្តីទុកចិត្ត ឲ្យគេអាចនិយាយទម្លាយពីអារម្មណ៍ស្មុគស្មាញ ដែលលាក់ទុកក្នុងចិត្ត ប្រាប់ទៅកាន់នាងបានទាំងធូរស្រាល។ បន្ថែមពីនេះ នៅពេលខ្លះនាងក៏ជាអ្នកពិភាក្សា និងជាអ្នកផ្តល់យោបល់ដ៏ល្អសម្រាប់គេផងដែរ។

៩. អ្នកដោះស្រាយបញ្ហា
ធ្វើជាភរិយាមហាសេដ្ឋី គឺជាក្តីប្រាថ្នារបស់នារីគ្រប់រូប ដែលអាចគេងសោយសុខ នៅលើគំនរមាសប្រាក់របស់ បុរសដែលខ្លួនស្រលាញ់បានពេញមួយជីវិត។
ដូចពាក្យចាស់តែងនិយាយថា« បានភរិយាល្អ ក្រយ៉ាងណាគង់តែមាន តែបើបានភរិយាមាយាទមិនល្អ នៅមិនយូរគង់តែរលាយ» ដូចនេះ ទោះបីជាយើងបានស្វាមីជាមហាសេដ្ឋី មានលុយចាយមិនអស់យ៉ាងណាក្តី ប៉ុន្តែយើងគួរណាជួយទុក្ខធុរៈស្វាមី ដោយការមើលថែគ្រួសារ ដោះស្រាយបញ្ហាទូទៅនៅក្នុងគ្រួសារ មិនចាំបាច់គ្រាន់តែរឿងតូចក្នុងផ្ទុះក៏ដោះស្រាយមិនបាន ចាំពឹងតែលើស្វាមី ដែលពេលខ្លះ គេអាចនឹងធុញទ្រាន់មិនចង់នៅផ្ទះ ដោយហត់នឿយពីរឿងជំនួញហើយ មកដល់ផ្ទះក៏រឿងស្មុគស្មាញគួរឲ្យឈឺក្បាលទៀត។
១០. លើកទឹកចិត្ត មិនមែនឈ្លោះ
មានមហាសេដ្ឋីមួយចំនួន ដែលជាពិសេសគឺសេដ្ឋីកម្លោះ ធ្លាប់បាននិយាយថា ពួកគេមិនទាន់ចង់រៀបការ ពីព្រោះមិនទាន់ចង់ហត់ចិត្ត។
ដែលន័យនេះ មានន័យថា ពួកគេមិនចង់ចង់រៀបការ ព្រោះខ្លាចប៉ះចំប្រពន្ធពូកែខាងឈ្លោះ បង្កជម្លោះរករឿងគ្រប់ពេល ពីព្រោះថា ពួកគេបានហត់នឿយនឹងការងារជជែកវែកញែកមុខជំនួញ ដោយមានពេលខ្លះតឹងសរសៃ.កជាមួយនឹង គូប្រកួតប្រជែងថែមទៀតផង ដូចនេះពួកគេមិនចង់ ពេលដែលត្រលប់ទៅផ្ទះវិញ បន្តឈ្លោះបង្កើនសាច់ដុំមាត់ ជាមួយនឹងប្រពន្ធបន្ថែមទៀតនោះទេ អ្វីដែលពួកគេត្រូវការបំផុតពីភរិយានោះ គឺការលើកទឹកចិត្ត និងការថ្នាក់ថ្នមយកចិត្តនេះឯង។

បន្ទាប់ពីអានរួច តើប្រិយមិត្តយល់ថា អ្នកមានចំនុចណាមួយ ដែលត្រូវនឹងគុណសម្បត្តិក្លាយជាភរិយារបស់មហាសេដ្ឋីហើយឬនៅ?
No comments