តារាចម្រៀងកម្ពុជា៣រូប និយមតុបតែងខ្លួនដូច CL
អតីតមេក្រុមចម្រៀង 2NE1 Chaerin Lee ឬ CL គឺកំពូលតារា K-Pop មួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីមិនថាក្នុងតំបន់អាស៊ី ឬអឺរ៉ុប។ ប្រជាប្រិយភាពដ៏ខ្លាំងលើសលប់នេះ កើតចេញមកពីទេពកោសល្យផ្ទាល់ខ្លួន និងគំនិតច្នៃប្រឌិតដែលតារាចម្រៀងខាងលើពិតជាល្អិតល្អន់ខាងរកស្ទីលតុបតែងខ្លួន និងសម្ដែងប្លែកៗមិនចេះសាំភ្នែក។
ហេតុដូចនេះ មានអ្នកគាំទ្រជាច្រើនជុំវិញពិភពលោក បូករួមទាំងកម្ពុជាផង ឈ្លក់វង្វេងនឹងស្ទីលតុបតែងខ្លួនរបស់ CL ខ្លាំង រហូតមានអ្នកខ្លះព្យាយាមស្វែងរកសម្លៀកបំពាក់ និងគ្រឿងអលង្ការផ្សេងៗ មកតុបតែងឲ្យដូច និងស្រដៀងនាងទៀតផង។
ជាក់ស្ដែងនៅប្រទេសកម្ពុជា មិនថាតែអ្នកគាំទ្រវិស័យចម្រៀង K-Pop ទេ សូម្បីតែសិល្បការិនីមួយចំនួនក៏និយមលេងស្ទីលដូច CL ដែរ។ ក្នុងនោះមានដូចជា៖
១ ទេព បូព្រឹក្ស
តារាស្រីរូបនេះ ធ្លាប់ត្រូវបានមហាជនរិះគន់ខ្លាំងដោយសារនាងតែងតែ Update ស្ទីលសម្លៀកបំពាក់តាម CL ស្ទើរគ្មានចន្លោះ។ ក្នុងនោះ បូព្រឹក្ស បានបកស្រាយចំៗថា CL គឺជា Idol សំណព្វចិត្តរបស់នាង ហើយខ្លួនពិតជាចង់ដូច CL ខ្លាំងណាស់ ពិសេសការដូរពណ៌សក់ និងការស្លៀកពាក់។
២ ពេជ្រ សោភា
តារាចម្រៀងចាស់វស្សារូបនេះ តែងតែបង្ហាញខ្លួនជាមួយស្ទីលពេញនិយមរបស់តារាល្បីៗជាច្រើនទូទាំងពិភពលោកដូចជា តារាចម្រៀង J-Lo តារាម៉ូដែល Kylie Jenner និង តារាចម្រៀង Lisa ក្នុងក្រុម Black Pink។ ជាមួយគ្នានោះ ពេជ្រ សោភា ក៏និយមដេញតាមនិន្នាការស្លៀកពាក់របស់ CL ដែរ។
៣ ប៉ាច់ គីមមួយ
ពន្លកថ្មីក្នុងវិស័យចម្រៀង ប៉ាច់ គីមមួយ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកគាំទ្ររបស់ខ្លួន ដោយកាលពីអំឡុងពាក់កណ្ដាលឆ្នាំ២០១៧ នាងបានបង្ហាញស្ទីលតុបតែងខ្លួនស្រដៀង CL ពិសេសគឺម៉ូដសក់ និងការតុបតែងមុខ។ នាងក៏ធ្លាប់លើកឡើងដែរថា ខ្លួនជាអ្នកគាំទ្រ១រូបរបស់ Chaerin Lee ហើយថ្ងៃប្រគំតន្ត្រី Smart Mega Concert នាពេលឆាប់ៗខាងមុខនេះ នាងនឹងចូលរួមជាក់ជាមិនខាន៕
No comments