កំពុងតែលង់ដំណេក រថយន្តបុកចូលក្នុងផ្ទះ
ខេត្តកណ្តាល ៖ ផ្ទះឈើ១ខ្នង និងរោងលក់ចាប់ហួយ១កន្លែង បានរងនូវការខូចខាតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយរថយន្តដឹកទំនិញធុនធំបុកគូទរថយន្តដឹកធុងកៅស៊ូសម្រាប់ធ្វើផ្លូវបណ្តាលឲ្យរថយន្តធុនតូចរេចង្កូតទៅបុកបង្គោលភ្លើង ចំណែករថយន្តធុនធំរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ សំណាងល្អម្ចាស់ផ្ទះដែលកំពុងលង់លក់ក្នុងដំណេកមិនមានគ្រោះថ្នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកទំនិញធន់ធំនេះបានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២១-២២ ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយជាប្រភេទយីឌុបដឹកទំនិញពេញ ពាក់ស្លាកលេខ ភ្នំពេញ 3E-0168អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។ ចំណែករថយន្ត១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ជាប្រភេទរថយន្តដឹកធុងកៅស៊ូសម្រាប់ធ្វើផ្លូវ។ លោក ហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា មុនពេលគ្រោះថ្នាក់រថយន្តទាំង២គ្រឿងបើកបរក្នុងទិសដៅស្របគ្នាពីអ្នកលឿងទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុរថយន្តដឹកទំនិញធុនធំដែលបើកពីក្រោយបានបើកប្រជែងរថយន្តធុនតូចគ្រានោះស្រាប់តែមានរថយន្ត១គ្រឿងទៀតបើកមកពីមុខទិសដៅផ្ទុយគ្នា។
ដោយជួបឧបសគ្គនៅពីមុខរថយន្តដឹកទំនិញធុនធំបានបើកគេចចូលមកស្តាំដៃបណ្តាលឲ្យបុកគូទរថយន្តធុនតូចពីក្រោយហើយរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ និងរោងលក់ដូរ។ ដោយឡែករថយន្តធុនតូចរេចង្កូតទៅបុកបង្គោលភ្លើង។ បន្ទាប់ពីកើតហេតុភាគីខាងរថយន្តដឹកទំនិញធុនធំដែលបង្កហេតុបានចេញសំណងទាំងអស់ដល់ភាគីរងគ្រោះដើម្បីបញ្ចប់បញ្ហា។ ករណីនេះកើតឡើងដោយសារអ្នកបើកបររថយន្តធំបើកខ្វះការប្រុងប្រយ័ត្នប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គទើបបង្កគ្រោះថ្នាក់ចរាចរណ៍ តែសំណាងដែរម្ចាស់ផ្ទះដែលកំពុងលង់លក់ពុំមានគ្រោះថ្នាក់នោះ៕
No comments